


ខេត្តព្រះសីហនុ ៖ នារីវ័យក្មេងជាកម្មការិនីរោងចក្រម្នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ខណៈពេលដើរឆ្លងផ្លូវត្រូវរថយន្តបុកកាលពីវេលាម៉ោង៥ និង២០នាទីល្ងាច ថ្ងៃទី១៤ ធ្នូ ២០១៥ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ១៩២-១៩៣ តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ប្រភពបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ កើត សុភី អាយុ១៧ឆ្នាំ ជាកម្មការិនីរោងចក្រ មានទីលំនៅភូមិបិតត្រាំង ឃុំបិតត្រាំង ចំណែកអ្នកបើករថយន្តបង្កឈ្មោះ សួន សារិ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តឲ្យមជ្ឈមណ្ឌលផ្តល់ឈាម ក្រសួងសុខាភិបាល ភ្នំពេញ បានរត់គេចខ្លួនបាត់ បន្ទាប់ពីដឹងថា នារីរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យ ។
ប្រភពបានឲ្យដឹងទៀតថា មុនពេលកើតហេតុគេឃើញនារីរងគ្រោះកំពុងដើរឆ្លងផ្លូវ ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ រដ្ឋ១២-២-០២២៨ បើកតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីពីខេត្តព្រះសីហនុទៅភ្នំពេញ បានបុកបណ្ដាលឲ្យរងរបួសជាទម្ងន់ ហើយក៏បានបញ្ជូនទៅសង្គ្រោះនៅគ្លិនិកឯកជនវាលរេញ តែត្រូវបានពេទ្យប្រាប់ថា នាងបានស្លាប់បាត់បង់ជីវិតទៅហើយ ។ ក្រោយពេលដឹងថា នារីរងគ្រោះបានស្លាប់ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានយករថយន្តទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលស្រុកព្រៃនប់ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ ចំណែកសពនារីរងគ្រោះប្រគល់ជូនបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
- ដកស្រង់ចេញពី៖ KOHSANTEPHEAP
0 comments:
Post a Comment