





ក្រោយពេលកើតហេតុប្រហែលជា២ម៉ោង កម្លាំងប៉េអឹមរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញតាមចាប់ខ្លួនជនល្មើសបាន២នាក់ និងដកហូតម៉ូតូរបស់ជនរងគ្រោះដែលស្លាប់បានមកវិញ ។
ហើយបានរយៈពេលប្រហែល៤ម៉ោងក្រោយមក កម្លាំងកងរាជអាវុធហេតុបានកំណត់មុខសញ្ញាឈានទៅព័ទ្ធចាប់បក្ខពួកជនល្មើសផ្សេងទៀតនៅចំណុចភ្នំប្រសិទ្ធ ខណ្ឌព្រែកព្នៅ ដែលនៅពេលនោះជនល្មើសបានបាញ់មកលើសមត្ថកិច្ចដើម្បីរំដោះខ្លួន បណ្តាលឱ្យមានការផ្ទុះអាវុធតបតគ្នាទៅវិញទៅមក បណ្តាលឱ្យជនល្មើស២នាក់ស្លាប់នៅនឹងកន្លែង និងឃាត់ខ្លួនបាន២នាក់ទៀត ជាប្រពន្ធរបស់ជនល្មើសដែលស្លាប់ ។
ក្រោយប្រតិបត្តិការបង្ក្រាបខាងលើនេះ សមត្ថកិច្ចអាវុធហត្ថបានបង្ហាញលទ្ធផលចុងក្រោយឱ្យដឹងថា តាមចម្លើយសារភាពរបស់ជនល្មើសឈ្មោះ ប៉ែន ចំណាប់ ហៅអាពីន និងឈ្មោះសេត ម៉ាត់រ៉ូហ្សេត ហៅសេង ឌៀង បាននិយាយថា ពួកគេទាំង២នាក់ ព្រមទាំងមេធំរបស់ពួកគេ២នាក់ដែលបានស្លាប់ខណៈពេលតដៃជាមួយសមត្ថកិច្ចបានភ្ជង់ប្លន់ម៉ូតូក្នុងរាជធានីភ្នំពេញ ដោយប្រើអាវុធខ្លីមិនតិចជាង៣០លើកទេ តែទីតាំងដែលចាំច្បាស់នាពេលថ្មីៗនេះមាន៩ ៖
១-នៅចំណុចមុខធនាគារកាណាឌីយ៉ា ផ្លូវលេខ១១៨ ខណ្ឌដូនពេញ មិនចាំពេលវេលា បានភ្ជង់ប្លន់យកម៉ូតូពីរងគ្រោះ១គ្រឿង ម៉ាក MSX ។
២-នៅចំណុចស្តុបអំបាសាឌ័រ មិនចាំពេលវេលា បានភ្ជង់ប្លន់យកម៉ូតូ១គ្រឿង ម៉ាក MSX ដែរ ។
៣-នៅមុខទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងខែសីហា ២០១៥ មិនចាំថ្ងៃ បានវាយជនរងគ្រោះនឹងកាំភ្លើងខ្លីប្លន់ម៉ូតូម៉ាកហុងដាឌ្រីម តែមិនបានសម្រេច
៤-នៅមុខទីស្តីការគណៈរដ្ឋមន្ត្រីដែរ ម៉ោងប្រហែល១និង២០នាទីរំលងអធ្រាត្រមិនចាំថ្ងៃខែ យកកាំភ្លើងខ្លីវាយជនរងគ្រោះ២នាក់ យកម៉ូតូមួយគ្រឿងម៉ាកហុងដា ស៊េរី២០១៥ ។
៥-នៅស្ពានឧកញ៉ា លី យ៉ុងផាត់ ត្រើយខាងលិច ខែតុលា ២០១៥ បានបាញ់ជនរងគ្រោះបាក់ជើង ប្លន់យកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរី២០១៤ ។
៦-នៅចំណុចក្រោយវិទ្យាស្ថានជាតិអប់រំ ខណ្ឌដូនពេញ ម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃ៨ វិច្ឆិកា ២០១៥ ពួកវាមានគ្នា៧នាក់ បានបាញ់មួយគ្រាប់លើជនរងគ្រោះ យកបានម៉ូតូមួយគ្រឿង ម៉ាកMSX ។
៧-នៅគល់ស្ពានអាកាសស្ទឹងមានជ័យ ថ្ងៃទី១៣ វិច្ឆិកា ២០១៥ ពួកវា៥នាក់ ម៉ូតូ២គ្រឿង ប្លន់យកម៉ូតូមួយគ្រឿងម៉ាកស្គូពី មិនបានសម្រេច និងបានបាញ់ម្ចាស់ម៉ូតូឱ្យស្លាប់ម្នាក់ របួសម្នាក់ ។
៨-នៅចំណុចខាងក្រោយអតីតអធិការដ្ឋាននគរបាលខណ្ឌទួលគោក វេលាទៀបភ្លឺថ្ងៃទី៩ ធ្នូវ ២០១៥ ពួកវា៧នាក់ បានបាញ់សម្លាប់ជនរងគ្រោះប្លន់យកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរី២០០៦ ។
៩-និងចុងក្រោយនៅព្រលឹមថ្ងៃទី១១ ធ្នូ ២០១៥ ខាងលិចរង្វង់មូលកាំកូស៊ីធី ផ្លូវលេខ៥៩៨ សង្កាត់បឹងកក់ទី២ ខណ្ឌទូលគោក ពួកវាមានគ្នា៧នាក់ ម៉ូតូ៣គ្រឿង បាញ់សម្លាប់យកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ហើយក៏ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានតែម្តង ។
ជាចុងក្រោយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវដល់មហាជន ប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់ ប្រសិនបើបានឃើញ ឬស្គាល់បក្ខពួកមុខសញ្ញា ចោរប្លន់ ដែលនៅសេសសល់ដូចមានក្នុងរូបថត និងឈ្មោះ ដែលបានរៀបរាប់ សូមរាយការណ៍ទៅសមត្ថកិច្ចដែលនៅជិតបំផុត ឬតាមលេខទូរស័ព្ទ 012 383 383 និង017 81 81 71 ៕
ដកស្រង់ចេញពីកាសែតកោះសន្តិភាព
0 comments:
Post a Comment